Sunday, October 9, 2011

Battambang

ខេត្តបាត់ដំបង

 បាត់ដំបង​មាន​ចម្ងាយ​ប្រមាណ២៩១​ គីឡូម៉ែត្រ ពី​ទី ក្រុង​ភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ ។ ទឹកដី​ធម្មជាតិនៃ ខេត្តនេះមាន​លក្ខណៈ​ ពិសេស​អំណោយផល​គ្រប់​បែបយ៉ាង​ដល់​ដំណាំ​ដាំដុះនានា ​​​​​ជា​​​​​​​​​​​​​​ ពិសេស​​ផ្លែ ក្រូចពោធិ៍សាត់ដែល នាំឱ្យខេត្តនេះកាន់តែខ្ទរខ្ទារ ។
 ការ​ស្គាល់​ទឹក​ដី​ខេត្ត​នេះ ប្រជាជន​ខ្មែរភាគច្រើន ដែលជា​អ្នក​មិនមែន​រស់នៅ​ខេត្តបាត់ដំបង បាន ដឹងតាម រយៈ​បទចម្រៀង​ ក្នុងកំឡុង​ទស្សវត្ស​ទី៦០ដែល​អ្នក​ចម្រៀង និង កវីនិពន្ធយើងតែង សរសើរឥតដាច់នូវ សម្រស់ ទេសភាព ធម្មជាតិ ដងភ្នំ ដងស្ទឹង ព្រឹក្សព្រៃ​ជាដើម​នោះ ។ តាម​រយៈ​ការលើក​សរសើរពីទីតាំងនានា ដោយពិពណ៌នាជាចង្វាក់ភ្លេងរណ្ដំណែងណងនេះហើយ   ដែល ជំរុញ​ ទឹកចិត្ត​ប្រជាជន​ខ្មែរ​កាន់តែ​ចង់​ស្គាល់ ចង់​ទៅ​កំសាន្តខ្លាំងឡើង ។ តើខេត្តបាត់ដំបងមានអ្វីខ្លះ ពិតជាស្រស់ស្អាត ដូចការ រៀបរាប់របស់កវីយើងដែរឬទេ? ខាងក្រោមនេះជាទីតាំងមួយ ចំនួន ដែល​លេចធ្លោ​របស់​ខេត្តបាត់ដំបង
ភ្នំសំពៅ
ភ្នំសំពៅ គឺជារមណីយដ្ឋាន​ធម្មជាតិ​មួយ ​​ដែល​ភ្ញៀវ​ទេសចរ​និយម​ទៅ​កំសាន្ត ជា​ពិសេស​ភ្ញៀវ​ក្នុង​ស្រុក នៅ​ថ្ងៃសំរាក ឫ នៅថ្ងៃបុណ្យ​ប្រពៃណី​ផ្សេងៗ ដូចជា​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ បុណ្យ​ភ្ជុំបិណ្ឌ ។ ល ។ រមណីយដ្ឋាន​នេះ​   មាន​ទី​តាំង​ ស្ថិត​នៅតាម​ដង​ផ្លូវ​ជាតិ​លេខ​ ១០​មាន​ចំងាយ​ ១៣ គ.ម ពីទីរួម ខេត្តបាត់ដំបង ក្នុងភូមិភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង​។​ ភ្នំនេះ​មាន​ទ្រង់​ទ្រាយ​ដូចជា​សំពៅ មាន​កំពស់​ប្រហែល១០០ម មាន​កាំ​ជណ្តើរ​​ចំនួន ១០៣០​កាំ។ ក្នុង​តួ​ភ្នំ​ទាំង​មូល ​មាន​ល្អាង​ជា​ច្រើន​ ប៉ុន្តែ​ល្អាង​សំខាន់ៗ​ដែល​គេ​និយម​ទស្សនា​គឺ​ ល្អាង​ផ្កាស្លា​ ល្អាង​ល្ខោន ល្អាង​អសុក។ នៅ​លើ​កំពូល​ភ្នំខាងក្រោយ ​មាន​វត្ត​មួយ​ឈ្មោះ​ថា​ វត្តគិរីរម្យ ដើមឡើយ គ្រាន់តែជាអាស្រម សំរាប់ សំណាក់ ធម៌តែប៉ុណ្ណោះ ។​ នៅលើខ្នងភ្នំ មានវត្តអរុណនារី ឬវត្តដូនជីក្មេង និងចេតិយធំៗស្អាតៗ របស់អភិជនខ្មែរពីសម័យមុនៗ។ នៅជុំ​វិញ​ក្បែរ​ភ្នំ​សំពៅ​ មាន​ចង្កោម​ភ្នំ​ផ្សេងៗ​ទៀត​ដែល​មាន​​ទំនាក់​ទំនង​ជាមួយគ្នា តាមបែបរឿង​និទាន​ខ្មែរ ចៅរាជកុល និង​នាង​រំសាយសក់ ដូចជា​ភ្នំ​ក្តោង ភ្នំ​ក្រពើ ភ្នំ​ទ្រុងមាន់ ភ្នំ​ទ្រុងទា ភ្នំ​នាង​រំសាយសក់។ល។​ ដែល​សុទ្ធសឹង​តែ​ជា​រមណីយដ្ឋាន​ធម្មជាតិទាំងអស់ ។
ពេល​ មកដល់​ជើង​ភ្នំ​សំពៅ គេ​អាច​ធ្វើ​ដំណើរ​ឡើង​ ទៅ​លើ​កំពូល​ភ្នំ ​ដោយ​ផ្លូវ​ពីរ​កន្លែង ។ ផ្លូវ​ទីមូយគឺ​ធ្វើ​ដំណើរថ្មើរ​ជើង ​ឡើង​តាម​ជណ្តើរ​ថ្ម ​បត់​បែន​ចុះ​ឡើង​ ដូច​ពស់​លូន ចំនួនមួយ ពាន់សាមសិបកាំ  ។  ផ្លូវ​ឡើង​ទី​ពីរ ដែល​ទើប​កសាងថ្មីៗ ​ដោយ​មានចាក់​បេតុងបាន​ប្រ​មាណ​៨០​ភាគ​រយ​ អាច​អោយម៉ូតូឬរថយន្ត​ ​ឡើង​ទៅ​ជិត​ដល់​កំពូល​ភ្នំ ទើបធ្វើដំណើរ ដោយជើង ឡើងបន្ត ទៅទៀត។ នៅទីនោះ មាន​រូប​សំណាក ព្រះ​ពុទ្ធ​បដិមា​ធំ ដែលមានទីធ្លាធំទូលាយ មានម្លប់ឈើ ត្រឈឹងត្រឈៃ អាចចតយានយន្តបានងាយស្រួល ។ ​ទេសចរណ៍ជាខ្មែរមិនពិបាកបង់ប្រាក់ទេ ពេលឡើងកំសាន្ត លើភ្នំ ប៉ុន្តែបើជាជនជាតិបរទេសវិញ អាជ្ញាធរជើងភ្នំតែងទាមទារអោយបង់ប្រាក់ មុននឹងឡើងទៅ មានចំនួនពី ពីរដុល្លារទៅ៥ដុល្លារ​​       ដោយមានម៉ូតូឌុបនាំឡើងទៅដល់កំពូល ទាំងទៅទាំងមក  ។
ចំណែក ការ​ដើរ​ទស្ស​នាតាម​ល្អាង​​ មាន​កុមារ​អ្នក​ស្រុកតូចៗ​ មាន​អាយុ​ចាប់​ពី ៨​ទៅ​១៥​ឆ្នាំ ​តែងសុំ​ភ្ញៀវ​ជូន​ដើរ​មើល​ តាម​ល្អាង​នានា​ នៅ​លើ​ភ្នំ​សំ​ពៅ ។ ពួក​នាំ​ផ្លូវ​ភ្ញៀវផង ​និយាយ​រាប់​រាប់​ផង អំពីប្រវត្តិខ្្លះៗ​ដែលទាក់ទងនឹងភ្នំសំពៅ គឺជាអត្ថបទដែល ​ពួក​គេរៀន​ចាំមាត់ដូច​មេសូត្រ​ ។ គេធ្វើដូច្នេះ ដោយសង្ឃឹមថា​ ពួកទេសចរណ៍ នឹងធ្វើអំណោយ ជាប្រាក់កម្រៃខ្លះៗ ដើម្បី លៀងជីវិត។ នៅ​លើ​ភ្នំសំពៅ​នេះ​ មាន​ល្អាង​រូង​ភ្នំ​ ទាំង​តូច​ទាំង​ធំ​​ ចំនួន​១២​ល្អាង ដូចជា ១​- ល្អាង​ផ្កាស្លា ២- ល្អាង​គក់​ទ្រូង ៣- ល្អាង​ខ្យល់ ៤- ល្អាង​តែង​ខ្លួន ៥- ល្អាង​ល្ខោន​ ៦- ល្អាង​ជ្រៃ ៧- ​ល្អាង​ពេជ្រ ៨- ល្អាង​ខ្វែង ៩- ល្អាង​ប្រេង ១០- ល្អាង​ស្ថានី​យឬល្អាង​ធំ ១១- ល្អាង​ខ្យល់​ និង ១២- ល្អាង​ក្បាល​ខ្មោច ។

ល្អាង​ផ្កាស្លា​ មាន​ប្រ​វត្តិ​ព្រេងនិទាន ទាក់​ទង​នឹង​រឿង​ ព្រះចៅ​រាជ​កុល នាំ​ភស្តុ​ភារ ​បណ្ណាការ​​ រួម​ទាំង​ផ្កា​ស្លា​ ដើម្បីទៅចូល ស្តីដណ្តឹង ព្រះនាងរំសាយសក់។ មុន​ចូល​ទៅ​ល្អាង​​ផ្កា​ស្លា​ មាន​ថ្ម១​ផ្ទាំង​ មាន​រូប​រាងដូច​ជា​ផ្កា​ស្លាក្រពុំ។ ដោយសារ ល្អាងនោះ មាន​សភាព​ចង្អៀត​​ងងឹត ​ទើប​មាន​គេ​ចាប់​ភ្លើង​ អគ្គីស​នី ដោយប្រើ​អាគុយ​ សម្រាប់​បំ​ភ្លឺ​ផ្លូវ ហើយ​មាន​អ្នកបញ្ចាំង​ពិល​ជួន​ភ្ញៀវ ​ដើម្បីសុំកំរៃពី​ភ្ញៀវ​បន្តិច​បន្តួច​ សម្រាប់​បញ្ចូល​អាគុយវិញ ។ ពេល​ចុះ​ទៅ​ដល់​ល្អាង​គក់​ទ្រូង គេឃើញមាន​រូប​បដិមា​សំរឺទ្ធ​ពណ៌​ខ្មៅមួយ​អង្គ ។ ពេលចង់សាកល្បងគក់​ទ្រូង​ ទេសចរណ៍ម្នាក់ត្រូវ​ឡើង​ឈរ​លើ​ផ្ទាំង​ស៊ីម៉ង​ត៍ បូន​ជ្រុង​ទ្រ​វែង​ ហើយ​យក​ដៃ​គក់​ដើម​ទ្រូង​ នោះគេនឹងឮ​សំឡេង​ខ្ទ័រ​ តបត្រឡប់​មក​វិញ​ ។ ពេល​ឡើង​ពី​ល្អាង​គក់​ទ្រូងមកវិញ គេនឹង​បាន​ជួប​ ព្រះ​ពុទ្ធ​បដិមារចូល​និពាន្ត១​អង្គ​ធំ​ មាន​បណ្តោយ​១២​ម៉ែត្រ ទទឹង​៣​ម៉ែត្រ ដែល​កសាង​ដោយ​សប្បុរស​ជន ​នៅ​ក្រៅ​ប្រ​ទេស ។ មុន​ចូល​ល្អាង​ខ្យល់​ គេ​ឃើញ​មាន​ដើម​ស្វាយ​កល្ប មួយ​ដើម​ដែល​សង់​អំពីស៊ីម៉ង​ត៍ ​មាន​រួប​រាង​ដូច​ដើម​ស្វាយ។ មាន​ប្រ​វត្តិ​និទានតៗ​គ្នា មកថា ​បើ​អ្នក​ណា​បាន​ហូប​ ស្វាយ​កល្ប​នេះ​ហើយ មនុស្ស​ចាស់​នឹងក្លាយ​ជា​ក្មេង ហើយ​មាន​ជីវិត​អមតៈ ។


-ភ្នំបាណន់


Your pictures and fotos in a slideshow on MySpace, eBay, Facebook 
or your website!view all pictures of this slideshow
ភ្នំបាណន់ឋិតនៅស្រប នឹង ដងស្ទឹងសង្កែ ចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង ក្នុងឃុំកន្ទី២ ស្រុកបាណន់។ នៅលើ​កំពូលភ្នំ​កំពស់​៤០០​ម៉ែត្រនេះ មាន​ប្រាសាទ​បុរាណ​មួយដែល​យក​ឈ្មោះតាម​តំបន់ភ្នំនោះ ហើយ មាន​ជាប់​ទាក់ទង​ទៅនឹង​រឿង​ព្រេង​របស់​ខ្មែរ​យើង​ផងដែរ។ ប្រាសាទ​បុរាណ​នេះ​កសាង​ឡើង​ក្នុង​កំឡុង​ពាក់កណ្តាល សតវត្សទី១១ និង ចុងសតវត្សទី១២ ពោលគឺក្នុងរាជស្ដេចពីរព្រះអង្គ ព្រះបាទឧទយាទិត្យវរ្ម័នទី២ និងព្រះបាទ ជ័យវរ្ម័ន ទី៧។

 -វត្តឯកភ្នំ


Your pictures and fotos in a slideshow on MySpace, eBay, Facebook 
or your website!view all pictures of this slideshow
វត្តឯកភ្នំ ​មាន​ចម្ងាយ​១៤គីឡូម៉ែត្រ​ពីទីរួមខេត្តបាត់ដំបង ឋិតក្នុងទីតាំងឃុំពាមឯក ស្រុកឯកភ្នំ។ ឋិតនៅចំ បរិវេណវត្ត ដែល​មាន​ដើមពោធិ៍​ដុះ​ព័ទ្ធ​ជុំវិញ​​ចំនួន១៨ដើម ប្រាសាទ​ឯកភ្នំ​មាន​ម្លប់​ត្រជាក់​ស្រឹប ជាទីមនោរម្យក្រៃលែង ចំពោះទេសចរដែលទៅកំសាន្ត។ ប្រាសាទ​នេះ​កសាង​ឡើង​នៅ​ក្នុង​សតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ឆ្នាំ១០២៧ នៃគ្រិស្តសករាជ។

 -អាងកំពីងពួយ
អាង ​នេះ​អាច​ផ្ទុក​ទឹកបាន ​ប្រមាណ១១០លានម៉ែត្រគូបនៅរដូវវស្សា មានបណ្តោយ ប្រមាណ៦​គីឡូម៉ែត្រ និង​ទទឹង​ជាង១៩០០ម៉ែត្រ ជា​ប្រភព​ទឹក​​ដ៏​សំខាន់​​សម្រាប់​ប្រជាពលរដ្ឋ​ប្រកប​របរ​កសិកម្ម។ រមណីយដ្ឋាននេះឋិតនៅក្នុង ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ចម្ងាយ​៣៥​គីឡូម៉ែត្រ ពី​ទីរួមខេត្ត​បាត់ដំបង។  ទេសចរ​ចូលចិត្ត​ទៅ​កំសាន្ត​នៅ តំបន់នេះដើម្បីស្រូបខ្យល់អាកាសបរិសុទ្ធ នឹងស្ទូចត្រីកំសាន្ត ព្រោះ​ទីនោះ​សម្បូរ​ត្រី​ណាស់ ជា​ពិសេស​ត្រី​ដំរី។

 -សេកសក
រមណីយដ្ឋាន ​សេកសក​ឋិត​ក្នុង​ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ចម្ងាយ​ពី​ទី​រួមខេត្ត​បាត់ដំបង ៥០គីឡូ ម៉ែត្រ តាម បណ្តោយផ្លូវ​ជាតិ​លេខ​៥៧ ឆ្ពោះ​ទៅ​កាន់​ស្រុក​សំឡូត។ ស្ទឹង​សេកសក​មាន​បណ្តោយ​ប្រមាណ៥០០ម៉ែត្រ អមដោយ រុក្ខជាតិពណ៌បៃតងស្រងាត់ ជាប្រភេទព្រៃឬស្សី្ និង​រុក្ខជាតិ​តូច​ធំ​នានា ដែល​ផ្ដល់​ម្លប់​​ត្រជាក់​ដល់​អ្នក​ទៅ​កំសាន្ត ធ្វើឱ្យ តំបន់នេះកាន់តែមានប្រជាប្រិយភាព មាន​អ្នក​ទេសចរ​កាន់តែ​ច្រើន​ឡើងៗ។ អ្នក​ដែល​ទៅ​កំសាន្ត​ភាគច្រើន​ជា​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង    ។
លើសពីនេះ ​ខេត្ត​បាត់ដំបង​ក៏សម្បូរប្រាសាទបុរាណផងដែរ ហើយតំបន់ប្រាសាទខ្លះត្រូវបាន ប្រែក្លាយទៅជា តំបន់កំសាន្ត រីឯ​ប្រាសាទ​ខ្លះ​ទៀត​​ត្រូវ​បាន​​គេ​បោះបង់ចោល​ពុំសូវ​យក​ចិត្ត​ទុក​ដាក់ ជា​ហេតុ​នាំឱ្យប្រាសាទដែលបាក់បែក ស្រាប់ កាន់តែទ្រុឌទ្រោម ដោយសារ​ខ្វះ​ការ​យកចិត្ត​ទុកដាក់ ថែទាំ និងធម្មជាតិបំផ្លិចបំផ្លាញ។ អ្នក​ភូមិ​ខ្លះ​បាន​រើស​យក ថ្មប្រាសាទទៅធ្វើជើងក្រាន កំណល់ផ្សេងៗ​ដែល​ជា​ទង្វើ​ខ្វះ​ការ​ពិចារណា និង​គួរ​យក​ចិត្ត​ទុក​ដាក់​ស្វែងយល់​ឡើងវិញ។



1 comment:

  1. Wynn Casino & Hotel - Mapyro
    Wynn Hotel, Las Vegas, Nevada. 25599 reviews. $$$. 서울특별 출장마사지 1,811,253 reviews. 논산 출장안마 Las Vegas 공주 출장마사지 Strip. 천안 출장샵 0. The Strip · (775) 711-3131. Hotel Rating: 3.5 · ‎1,811 천안 출장샵 votes

    ReplyDelete